ប៉ាគីស្ថានប្រកាសបិទសាលាបឋមសិក្សាក្នុងទីក្រុង Lahore ខណៈមានខ្យល់ពុលធ្ងន់ធ្ងរ
ទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសប៉ាគីស្ថាន នឹងបិទសាលាបឋមសិក្សារយៈពេលមួយសប្តាហ៍ពេញ ដោយសារ... The post ប៉ាគីស្ថានប្រកាសបិទសាលាបឋមសិក្សាក្នុងទីក្រុង Lahore ខណៈមានខ្យល់ពុលធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.
ទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទីពីររបស់ប្រទេសប៉ាគីស្ថាន នឹងបិទសាលាបឋមសិក្សារយៈពេលមួយសប្តាហ៍ពេញ ដោយសារការបំពុលបរិយាកាសលើសកម្រិត ដើម្បីជៀសវាងកុមាររាប់លាននាក់ពីការបំភាយផ្សែងអ័ព្ទពុលដែលចាត់ទុកថាជាកម្រិតគ្រោះថ្នាក់បំផុត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។
ជាច្រើនថ្ងៃមកនេះ ទីក្រុងដែលមានប្រជាជនចំនួន១៤លាននាក់ត្រូវបានហ៊ុមព័ទ្ធដោយផ្សែងអ័ព្ទ និងការបំពុលដែលបណ្តាលមកពីផ្សែងម៉ាស៊ូតអន់ៗ ផ្សែងពីការដុតកសិកម្មតាមរដូវ និងភាពត្រជាក់ក្នុងរដូវរងារ។
ទិន្នន័យពី IQAir បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ដែលវាស់ស្ទង់កម្រិតនៃការបំពុលបានលើសពី ១០០០ កាលពីថ្ងៃសៅរ៍ ដែលវាលើសពីកម្រិតត្រឹម ៣០០ ដែលត្រូវបានចាត់ទុកថាជា «គ្រោះថ្នាក់» ។ រដ្ឋាភិបាលរដ្ឋ Punjab ក៏បានកត់ត្រាកម្រិតខ្ពស់ជាង ១០០០នេះជាកម្រិតមិនធ្លាប់មានពីមុនមកផងដែរ។
លោក Jahangir Anwar មន្ត្រីការពារបរិស្ថានជាន់ខ្ពស់នៅទីក្រុង Lahore បានប្រាប់ AFP ថា «ការព្យាករអាកាសធាតុសម្រាប់រយៈពេលប្រាំមួយថ្ងៃខាងមុខបង្ហាញថា លំនាំខ្យល់នឹងនៅដដែល»។ កត្តានេះជំរុញឲ្យថ្នាក់រៀនទាំងអស់សម្រាប់កុមារតូចៗរហូតដល់អាយុ១០ ឆ្នាំ នៅក្នុងសាលាសារដ្ឋ និងឯកជន នឹងនៅតែបិទរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។
លើសពីនេះកាលពីថ្ងៃសៅរ៍ កំហាប់នៃសារធាតុបំពុល PM ២.៥ ដែលជាភាគល្អិតនៅក្នុងខ្យល់បណ្តាលឱ្យប៉ះពាល់ដល់សុខភាពគឺច្រើនជាងកម្រិតដែល WHO ចាត់ទុកថាអាចទទួលយកបាន ៤០ដងឯណោះ។
គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក ការស្រូបខ្យល់ពុល អាចបណ្ដាលឲ្យកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង មហារីកសួត និងជំងឺផ្លូវដង្ហើម ជាពិសេសកុមារមានភាពងាយរងគ្រោះជាងគេ ដោយសារពួកគេមានសួតមិនទាន់លូតលាស់ និងដកដង្ហើមញាប់ស្រូបយកខ្យល់ច្រើនជាងមនុស្សពេញវ័យ។
យោងតាមវិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យ Chicago ការបំពុលលើសពីកម្រិតដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយ WHO កាត់បន្ថយអាយុសង្ឃឹមរស់របស់ប្រជាជនទីក្រុង Lahore ជាមធ្យម ៧.៥ ឆ្នាំ។ យោងតាមអង្គការយូនីសេហ្វ កុមារជិត ៦០០លាននាក់នៅអាស៊ីខាងត្បូងប្រឈមនឹងការបំពុលបរិយាកាសខ្ពស់ ហើយពាក់កណ្តាលនៃការស្លាប់ដោយសារជំងឺរលាកសួតក្នុងវ័យកុមារភាពត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបំពុលខ្យល់នេះ៕
អត្ថបទ៖ ប៊ុន សុភាព
The post ប៉ាគីស្ថានប្រកាសបិទសាលាបឋមសិក្សាក្នុងទីក្រុង Lahore ខណៈមានខ្យល់ពុលធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.