ទោះបីកៀកបោះឆ្នោត អាមេរិកនៅតែបញ្ជូនជំនួយយោធាតម្លៃ៤២៥លានដុល្លារទៅអ៊ុយក្រែន
មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថាកំពុងបញ្ជូនជំនួយយោធាបន្ថែមចំនួន៤២៥ លានដុល្លារដល់អ៊ុយក្រែន ខណៈដែលទីក្រុង គៀវ ត្រៀមប្រឈមមុខនឹងកងកម្លាំង... The post ទោះបីកៀកបោះឆ្នោត អាមេរិកនៅតែបញ្ជូនជំនួយយោធាតម្លៃ៤២៥លានដុល្លារទៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.
មន្ទីរបញ្ចកោណបានប្រកាសនៅថ្ងៃសុក្រថា ខ្លួនកំពុងបញ្ជូនជំនួយយោធាបន្ថែមតម្លៃ ៤២៥លានដុល្លារដល់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវត្រៀមប្រឈមមុខនឹងកងកម្លាំងរុស្ស៊ីដែលចូលរួមដោយកងទ័ពកូរ៉េខាងជើងជាង១០០០០នាក់។
ទីភ្នាក់ងារព័ត៌មាន AP មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្សាយនៅថ្ងៃទី០២ខែតុលានេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ជំនួយបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកៀវកាលពីសប្តាហ៍មុន។
កញ្ចប់ជំនួយនេះរួមមានអាវុធដែលនឹងត្រូវយកចេញពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកដែលមានស្រាប់ រួមទាំងខែលការពារដែនអាកាសសម្រាប់ប្រព័ន្ធមីស៊ីលពីផ្ទៃដីទៅអាកាសកម្រិតខ្ពស់ គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័ត កាំភ្លើងធំ ១៥៥មីលីម៉ែត្រ រថពាសដែក និងអាវុធប្រឆាំងរថក្រោះ។
មកដល់ពេលនេះទីក្រុងភាគខាងកើតប្រទេសអ៊ុយក្រែនបន្តប្រឈមមុខនឹងការវាយលុកដោយរ៉ុក្កែតរបស់រុស្ស៊ី។ បន្ថែមពីលើនេះ អ៊ុយក្រែនកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាថ្មី ខណៈដែលរលកនៃទាហានកូរ៉េខាងជើងដែលដាក់ពង្រាយនៅប្រទេសរុស្ស៊ីបានមកដល់ជិតព្រំដែនអ៊ុយក្រែន ហើយកំពុងរៀបចំដើម្បីចូលរួមការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា កញ្ចប់ជំនួយដែលបានប្រកាសដោយមន្ទីរបញ្ចកោណនេះនាំមកនូវចំនួនសរុបនៃជំនួយយោធាដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២ កើនដល់ចំនួន ៦០,៤ ពាន់លានដុល្លារ៕
អត្ថបទ៖ ប៊ុន សុភាព
The post ទោះបីកៀកបោះឆ្នោត អាមេរិកនៅតែបញ្ជូនជំនួយយោធាតម្លៃ៤២៥លានដុល្លារទៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.