ខែតុលា ក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី សម្រេចបានសមិទ្ធផលជាច្រើន
ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបាន វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះ គឺការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ The post ខែតុលា ក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី សម្រេចបានសមិទ្ធផលជាច្រើន appeared first on Kampuchea Thmey Daily.
ក្នុងរយៈពេលនៃខែតុលា ក្រសួងមុខងារសាធារណ ក្រោមដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី សម្រេចបានសមិទ្ធផលជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានជាច្រើននេះ វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះ គឺ«ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ»។
រាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក សុខ សប្បាយណា រដ្ឋលេខាធិការ បានបង្ហាញ ថា ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ ដែលមកបម្រើការងារនៅទីស្តីការក្រសួងមុខងារសាធារណៈ មានវឌ្ឍនភាពគួរជាទីចាប់អារម្មណ៍។ លោក បញ្ជាក់ថា «ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ តាមរយៈការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មកបម្រើការងារមានចំនួនជាង ៩៣%។ តួលេខនេះ មិនបានរាប់បញ្ចូលចំនួនមន្ត្រីដែលអវត្តមានដោយមានច្បាប់ត្រឹមត្រូវនោះឡើយ»។
ជាការកត់សម្គាល់ ការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមរយៈការប្រើប្រាស់ MCS Mobile App ជាយន្តការថ្មីដើម្បីបំពេញបន្ថែមលើប្រព័ន្ធគ្រប់គ្រងវត្តមានក្នុងពេលបច្ចុប្បន្ន។ តួលេខដែលបានស្រង់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបញ្ជាក់ខាងលើ បានបង្ហាញថា មន្ត្រីរាជការក្រសួង បាននិងកំពុងបំពេញតួនាទី ភារកិច្ច លើការបម្រើការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលគួរជាទីមោទនៈ។
ក្រសួងមុខងារសាធារណៈ មានមោទនភាព និងអរគុណមន្ត្រីរាជការគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ និងគោរពតួនាទីមកបម្រើការងារ ដើម្បីរួបរួមអភិវឌ្ឍស្ថាប័ន និងវិស័យមុខងារសាធារណៈរបស់កម្ពុជា ព្រមទាំងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
គួរជម្រាបថា ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈតែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ ជាក់ស្ដែង នៅថ្ងៃទី២៥ ខែតុលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។
ក្នុងរយៈពេល ១ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ជាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រសួងមុខងារសាធារណៈសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការជ្រើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ការពង្រឹងការគ្រប់គ្រង ការអភិវឌ្ឍអាជីពរបស់មន្រ្តីរាជការ និងការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន ការកែលម្អការផ្តល់សេវាសាធារណៈ ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូរអភិវឌ្ឍន៍នានា៕
The post ខែតុលា ក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី សម្រេចបានសមិទ្ធផលជាច្រើន appeared first on Kampuchea Thmey Daily.