ក្រសួងវប្បធម៌បើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ»នៅសារមន្ទីរទួលស្លែង
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ» នៅសារមន្ទីរទួល... The post ក្រសួងវប្បធម៌បើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ»នៅសារមន្ទីរទួលស្លែង appeared first on Kampuchea Thmey Daily.
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ» នៅសារមន្ទីរទួលស្លែងដើម្បីផ្សព្វផ្សាយសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និងចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ថ្លែងបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ» កាលពីរសៀលថ្ងៃទី២០វិច្ឆិកា លោក ប្រាក់ សុណ្ណារ៉ា
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសារមន្ទីរទួលស្លែង ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីផ្សព្វផ្សាយសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និងចងចាំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលក្នុងនោះមានជនរងគ្រោះនៅមន្ទីរ ស-២១ ជាពិសេសកុមារដែលត្រូវបុគ្គលិក ស-២១ សម្លាប់យ៉ាងឃោរឃៅ ព្រៃផ្សៃបំផុត។
លោករដ្ឋលេខាធិការបានបន្តថា របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញប្រទេសជាតិស្ទើរតែទាំងស្រុង ជាពិសេសធនធានមនុស្សដែលត្រូវបានខ្មែរក្រហមសម្លាប់ និងស្លាប់ដោយសារអត់អាហារ ជំងឺ ធ្វើការបាក់កម្លាំងអស់ជិត២លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទោះបីជារបបវាលពិឃាត បានបញ្ចប់នៅឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជានៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨។ ប្រជាជនកម្ពុជាបានស្គាល់សុខសន្តិភាពជាលើកដំបូងក្រោយពេលឆ្លងកាត់បទពិសោធន៍សង្គ្រាមជាង២ទសវត្សរ៍ ពិសេស ក្រោយការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពសម្រាប់ប្រជាជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការបានបន្តទៀតថា «ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតឲ្យខ្ញុំរំលឹកបន្តិចស្តីពីស្ថានភាពកុមារក្នុងសម័យខ្មែរក្រហម ដ្បិតរូបខ្ញុំផ្ទាល់ជាសាក្សីរស់មួយរូបដែលបានឆ្លងកាត់របបវាលពិឃាដ នាចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ កាលនោះខ្ញុំនៅជាកុមារភាពនៅឡើយ ហើយក្រោយពេលដែលខ្មែរក្រហមបានជ័យជំនះនាថ្ងៃ ១៧មេសា ១៩៧៥
ខ្ញុំនិងក្រុមគ្រួសារត្រូវជម្លៀសចេញពីភ្នំពេញ ដោយឲ្យទៅរស់នៅទីជនបទដូចប្រជាជនដ៏ទៃដែរ។ ខ្ញុំត្រូវបង្ខំឲ្យធ្វើការទាំងខ្លួននៅវ័យក្មេង ហើយយើងក៏មិនទទួលបាននូវការអប់រំ ជាពិសេសមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។ មានន័យថា ខ្ញុំត្រូវបាត់បង់កុមារភាពទាំងស្រុងក៏ដូចកុមារដទៃទៀតដែរដែលត្រូវបាត់បង់នូវសិទ្ធសេរីភាពសិទ្ធទទួលបាននូវការថែទាំ និងយកចិត្តទុកដាក់ និងសិទ្ធទទួលបានការរៀនសូត្រ»។
លោករដ្ឋលេខាធិការបាឆនបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលមានជីវិតពីសម័យខ្មែរក្រហម ប្រហែលជា ៥លាននាក់ ក្នុងនោះមានប្រមាណ ៧០%ជាស្ត្រី និងកុមារ។ នេះបើយោងតាមស្ថិតិរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ និងនាយកដ្ឋានមាតា និងទារកក្នុងឆ្នាំ១៩៨៩ ហើយកុមារ ៤៣,៥% (អាយុចន្លោះពី ១ឆ្នាំ ទៅ១៥ឆ្នាំ) មានបញ្ហាខ្វះអាហារូបត្ថម្ភ
អនាម័យ និងជំងឺផ្សេងៗទៀត។ ក្នុងនោះ ក៏មានរូបលោកដែរ។ លោករដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នាថ្ងៃនេះ គឺជាការរំលឹកដល់ខួបទី៣៥ នៃការអនុម័តលើអនុញ្ញាអន្តរជាតិស្តីពី “សិទ្ធិកុមារ” ដោយអង្គការសហប្រជាជាតិដែលទាមទារឲ្យប្រទេសក្នុងសកលលោកត្រូវយកចិត្តទុកដាក់ និងមានភារកិច្ចផ្តល់ឲ្យកុមារនូវសិទ្ធចម្បងៗរបស់ខ្លួន (សិទ្ធិរស់រានមានជីវិត សិទ្ធទទួលនូវការអភិវឌ្ឍ សិទ្ធទទួលបាននូវការការពារ និងសិទ្ធក្នុងការចូលរួមកិច្ចការផ្សេងៗ)។
លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា «ខ្ញុំសូមឧទ្ទិសស្នាដៃពិព័រណ៍នេះជូនជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម ជនរងគ្រោះក្នុង មន្ទីរ ស-២១ ប្រមាណ ២០,០០០នាក់ ជាពិសេសកុមារដែលត្រូវរងទុក្ខវេទនានៅទីនេះ
សូមព្រលឹងអ្នករាល់គ្នាបានទៅកាន់ទីស្ងប់សុខ»។
លោករដ្ឋលេខាធិការបានសម្តែងការអរគុណចំពោះក្រុមការងារសារមន្ទីរទួលស្លែងដែលតែងតែខិតខំប្រឹងប្រែង ស្រាវជ្រាវរកប្រធានបទថ្មីៗទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរដើម្បីយកមកបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍របស់ខ្លួន។ លោក
ក៏សូមអរគុណដល់បណ្តាស្ថានទូត ស្ថាប័នរដ្ឋ-ឯកជន និងអង្គការនានា ដែលតែងតែសហការជាមួយសារមន្ទីរក្នុង
ន័យចែករំលែក និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រខ្មែរក្រហម៕
អត្ថបទ៖ សំអឿន
The post ក្រសួងវប្បធម៌បើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ»នៅសារមន្ទីរទួលស្លែង appeared first on Kampuchea Thmey Daily.