កសិករ​ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ

ស្ត្រីចំណាស់ម្នាក់ ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ... The post កសិករ​ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.

កសិករ​ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ

អ្នកស្រី កក់ ស្រីកង មានវ័យ ៦៣ ឆ្នាំ រស់​នៅភូមិត្រស់ ឃុំអូរតាគី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​បង្ហើប​ពី​វិធី​សាស្រ្ត​ដាំ​ម្អម​ឲ្យ​លូតលាស់​ល្អ ដើម្បី​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ដែល​អាច​ទទួល​បាន​ចំណូល​ជាង ១២ ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ​ពី​​របរ​ដាំ​ម្អម​នេះ​។

អ្នកស្រី​ កក់ ស្រីកង បាន​ប្រកប​របរ​ដាំដំណាំ​ម្អម​នេះ​តាំង​ពី ឆ្នាំ២០០០​មក លើ​ផ្ទៃ​ដី​ប្រមាណ ១​ ហិតា បើ​គិត​មក​ដល់​ពេលនេះ មានរយៈ​ពេល ២៤​ឆ្នាំហើយ។ មុខ​របរ​មួយ​នេះ បាន​ជួយ​ដោះ​បន្ទុក​លើ​ជីវភាព​គ្រួសារ​របស់អ្នកស្រី​បានល្អ​ប្រសើរ​ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អ្នក​ស្រី​ថា ចំណូល​ប្រចាំ​ថ្ងៃ​បាន​ថយ​ចុះ ព្រោះ​មាន​អ្នក​ដាំ​ដំណាំ​ម្អម​​នេះ​ច្រើន។

អ្នកស្រី​ កក់ ស្រីកង បាន​ឲ្យ​ដឹង​ថា ម្អមជា​ដំណាំ​មួយ​ប្រភេទ​ងាយ​ស្រួល​ដាំ ហើយ​ក៏​ងាយ​ប្រឈម​សត្វល្អិត​ដូចជា ក្រា ដង្កូវ មមាច ផ្សិត ជា​ដើម​​ ហើយ​ការ​ប្រើ​ថ្នាំ​បាញ់​លុះត្រា​តែ​ដល់​កម្រិត​មួយ​ទើប​អ្នក​ស្រី​ប្រើ តែ​ថ្នាំ​គីមី​អ្នក​ស្រី​មិន​ដែល​ប្រើ​ទេ ហើយ​ប្រើតែ​ជី​សរីរាង្គ​ប៉ុណ្ណោះ និង​ឧស្សា​បញ្ចូល​ទឹក​ផង។

កសិករ​រូប​នេះ បាន​គូស​បញ្ជាក់​ថា «បើការ​ដាំមិនមាន​បទពិសោធន៍និងថែទាំ​នោះ​ទេ ដើម​ម្អមមិនមាន​សុខភាពល្អនោះដែរ។ ដំបូង ត្រូវវាយ​ដី​​ឲ្យ​បាន​ល្អដូចដាំស្រូវ ហើយ​ស្ទូង​ក៏មិន​ខុស​ពីស្រូវដែរ បន្ទាប់​ពីស្ទូងបាន​រយៈ​ពេលចន្លោះពីមួយទៅពីរខែ នោះ​អាចប្រមូលផល​បាន​ហើយ»។

អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​ក្នុងមួយថ្ងៃ ម៉ូយ​កុម្ម៉ង់​ទិញ​ចាប់​ពី ៥០ ទៅ ៥៧ ថង់ រកចំណូល​បាន​ជាង ១២ ម៉ឺន​រៀល​ក្នុងមួយថ្ងៃ ខណៈ​​កាលពីប៉ុន្មានឆ្នាំមុន ទីផ្សារត្រូវ​ការ​ចន្លោះពី ៦០ ថង់ ទៅ ៨០ ថង់ ហើយក្នុង ១ ថង់មានតម្លៃ ២៥០០ រៀល។ បើតាម​កសិករ​រូបនេះ ​ឆ្នាំ​នេះ​ការ​កុម្ម៉ង់​មាន​ការថយចុះតិច​តូច​ដែរ តែលើ​ទីផ្សារ​ធំៗ​ដូច​ជាផ្សារភូពុយ ផ្សារបឹងឈូក ផ្សារ​នៅតាម​ច្រកព្រំ​ដែនថៃ និង​ភ្នំពេញ ជាដើម​នៅ​ដដែល ហើយ​សព្វ​ថ្ងៃអ្នក​ស្រីក៏​បាន​រួមចំណែក​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នក​ភូមិស្រុកជា​កម្មករ​បាន ៧ នាក់ដែរ។

ជា​មួយ​គ្នា​នេះ មន្ត្រី​នៃ​មន្ទីរ​កសិកម្មខេត្តបានឲ្យដឹងថា ជា​ការ​ប្រសើរ​សម្រាប់​ប្រជាកសិករ ដែលបាន​មាន​គំនិត​កែច្នៃ​ដាំម្អម ដើម្បី​ជា​ចំណែក​មួយនៃ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ បន្ថែម​ពី​ផល​ដាំណាំ​ស្រូវ ស្រប​ពេល​បច្ចុប្បន្ន​កសិករ​បាន​ប្រើប្រាស់​​ថ្នាំ​សត្វល្អិត និង ថ្នាំ​សម្លាប់​ស្មៅ​ច្រើន​ស្ទើរ​គ្រប់​តំបន់ ដែល​ធ្វើ​ឲ្យ​ម្អម​តាម​ស្រែ​ស្ទើរ​តែដាច់ពូជ ហើយ​នៅ​តំបន់​មួយ​ចំនួន​ក៏​រកម្អម​ស្លរ​ឬធ្វើ​អន្លក់មិន​បានផងក៏មាន។

ម្អមគឺជា​ឈ្មោះ​ស្មៅ​រុក្ខជាតិ​ម្យ៉ាង ដែល​មាន​​ទម្រង់​ដើម​តូច​ៗ ស្លឹក​ល្អិត និង​មាន​ក្លិន​ឆ្ងុយ​ប្រហើរ ដែល​មាន​ដុះ​តាម​វាល​ស្រែ តាម​ធម្មជាតិ​។ ប្រជាជន​ខ្មែរ​​តែង​និយម​យក​​មក​ផ្សំ​ជា​ម្ហូបអាហារ តាម​តម្រូវ​ការ​គ្រួសារ​នីមួយ​ៗ ខណៈ​ដែល​សម័យ​មុន​​ស្មៅ​ម្អម​នេះ​សម្បូរ​បែប​ណាស់​ដុះ​នៅ​តាម​ដី​ស្រែ​ក្នុង​តំបន់​នីមួយៗ មិន​មាន​កសិករ​ដាំដុះ​នោះទេ។

ដោយ​ឡែក មក​ដល់​សម័យ​បច្ចុប្បន្ន ដោយ​សារ​តែ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ច្រើន ទើប​មាន​កសិករ​មាន​គំនិត​កែច្នៃ​មក​ដាំ​សម្រាប់​ចូល​ទីផ្សារ ដើម្បី​ជា​ជំនួយ​សេដ្ឋកិច្ច​លើ​ជីវភាព​គ្រួសារ​ផង​៕

អត្ថបទ៖ សៅ សារិទ្ធ

The post កសិករ​ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.