កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស

កម្ពុជា បន្តដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស The post កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស appeared first on Kampuchea Thmey Daily.

កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្ពុជា បានបណ្ដេញជនជាតិវៀតណាមចំនួន២៦ នាក់ ក្នុងនោះស្រី៨នាក់ ដែលជាប់ពាក់ព័ន្ធករណីមានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម (ស៊ីឈ្នួលពពោះជំនួស) គ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ចេញពីប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយលើទំព័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបនឹងផ្សាយនៅថ្ងៃទី២៩ ខែតុលា នេះ។

អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៦នាក់  ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

តាមសេចក្ដីប្រកាសព័ត៌មាន  ជនជាតិវៀតណាមទាំង២៦នាក់នេះ ត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ ឃាត់ខ្លួន ប្រគល់ជូន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍នីតិវិធី។

កម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាម ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស តួយ៉ាងកាលពីដើមខែតុលា គឺនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ ក្នុងនោះស្រី១៦ នាក់ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

កាលពីខែកញ្ញា កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចេញពីប្រទេសចំនួន២លើក ដែលមានជនជាតិវៀតណាមសរុប៨១នាក់។

បណ្ដេញចេញជាលើកទី១ នៅក្នុងខែកញ្ញា ធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជា បណ្តេញជនជាតិវៀតណាមសរុបចំនួន ៦០នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ចេញពីប្រទេស តាមច្រកព្រំដែនអន្តរជាតិព្រែកចាក។ លើកទី២ នៅក្នុងខែកញ្ញា គឺធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ កាលណោះ កម្ពុជាបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ ក្នុងនោះស្រី២នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស appeared first on Kampuchea Thmey Daily.