កម្ពុជា-ចិន អបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ពិធីអបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការ ជាផ្លូវការ ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបនៅគ្រប់ច្រកចេញ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឈានដល់១០លានដង ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និង ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់។ ឯកឧត្តមបន្តថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយ សម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នា កសាងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ […]

កម្ពុជា-ចិន អបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ពិធីអបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម Wang Wenbin មានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការ ជាផ្លូវការ ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបនៅគ្រប់ច្រកចេញ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឈានដល់១០លានដង ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និង ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅក្នុងតំបន់។ ឯកឧត្តមបន្តថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយ សម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នា កសាងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានក្លាយជាក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងទិសដៅទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានា ព្រមទាំង ឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ដ៏លើសលុបដល់សកម្មភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ដែលបានដាក់ចេញ ដោយឯកឧត្តម ប្រធានាធិបតី Xi Jinping ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ព្រមទាំង ជាផ្នែកមួយ ជួយបង្កើតទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៅតំបន់អាស៊ី និងអឺរ៉ុបកាន់តែមានភាពស្និទ្ធស្នាលផងដែរ។

យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន។

ក្នុងពេលនោះដែរ ក៏មានការប្រគល់រង្វាន់ជូនដល់អ្នកប្រើប្រាស់ ជាជនជាតិខ្មែរម្នាក់ ដែលបានក្លាយជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ទី១០លានផងដែរ។ លោក ឈុំ សុភារម្យ បានប្រាប់ថា ការធ្វើដំណើរផ្លូវនេះ ចំណេញទាំងពេលវេលា និងសេដ្ឋកិច្ច យ៉ាងច្រើន បើធៀបនឹងការធ្វើដំណើរលើផ្លូវជាតិធម្មតា។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនដែលបានមកវិនិយោគកសាងផ្លូវល្បឿលឿនដំបូងគេ សម្រាប់កម្ពុជា ហើយក៏សង្ឃឹមថា កម្ពុជានឹងមានផ្លូវល្បឿនលឿនបន្តបន្ទាប់ទៀត ក្រោមការវិនិយោគរបស់ចិន ជាពិសេស ពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗទៀត ឲ្យបានកាន់តែច្រើន៕