កម្ពុជារៀបចំ​ការ​ប្រណាំងឡាន​ Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រ​លើកដំបូង

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​នឹង​​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​យាន​យន្ត​ Off-road ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​មាត់​សមុទ្រ​ The post កម្ពុជារៀបចំ​ការ​ប្រណាំងឡាន​ Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រ​លើកដំបូង appeared first on Kampuchea Thmey Daily.

កម្ពុជារៀបចំ​ការ​ប្រណាំងឡាន​ Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រ​លើកដំបូង

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​នឹង​​​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​យាន​យន្ត​ Off-road ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​មាត់​សមុទ្រ​ដើម្បី​ជា​ផ្នែក​មួយ​​​ជួយ​ជំរុញ​វិស័យ​កីឡា​​យានយន្ត​ និង​ទេសចរណ៍​។

លោក ទៀ ស្យាម អនុ​ប្រធានសហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ជា​ប្រធាន​ក្លិប​កីឡា​មហា​គ្រួសារ Off-Road កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ថា កីឡាករកម្ពុជា​​មាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ព្រម​ទាំងទី​តាំង​មាន​អំណោយ​ផល​ផ្នែក​វិស័យ​ទេសចរណ៍​ផង​នោះ​ ​ទើប​សហព័ន្ធ​កីឡា​យាន​យន្ត​កម្ពុជា​​ដែល​មាន​ក្លិប«កីឡា​មហា​គ្រួសារ Off-Road កម្ពុជា​»​​ទទួល​​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​អន្តរជាតិ​ដ៏​ធំ​នេះ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​​គឺ​ការ​ប្រកួត​រៀបចំ​ជា​លើក​ដំបូង​​នៅ​មាត់​សមុទ្រ​​ដ៏​ស្រស់​ស្អាត។

លោក ជា ស្យាម មាន​ប្រសាសន៍​ថា ៖«គោល​ដៅ​​ចម្បង​របស់​យើង​​គឺ​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រណាំង​យាន​យន្ត​ Off-Road នេះ​ឲ្យ​រីក​ចម្រើន ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​​រក​ការ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ។ គោល​ដៅ​​​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នេះ​​គឺ​មិន​មែន​តែ​ខេត្ត​ព្រះ​សីហនុ​ទេ ប៉ុន្តែ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា»។

លោក​បាន​បញ្ជាក់​ថា ៖«​ខេត្ត​ព្រះ​សីហនុ​គឺ​ជាទិស​ដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល ដូច្នេះហើយ​បាន​បាន​ជា​យើង​រៀប​ចំ​នៅ​ទីនោះ​ដើម្បី​ជំរុញ​វិស័យ​កីឡា​ផង​ និង​ទេសចរណ៍​ផង។ ខ្ញុំ​ជឿ​​ថា កីឡាករ​បរទេស​នឹង​មក​មុន​ថ្ងៃ​ប្រកួត ហើយ​ពួក​គាត់​​នឹង​មាន​​អ្នក​ថត អ្នក​សរសេរ​ដើម្បី​ផ្សព្វផ្សាយ​​ពី​ព្រឹត្តិការណ៍​នេះ»។

មិន​ត្រឹម​តែ​ជា​ការ​ប្រណាំងយាន​យន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​កម្មវិធី​បោះ​តង់កម្សាន្ត​នៅ​មាត់​សមុទ្រ​ថែម​ទៀត។ លោក សេក ច័ន្ទដារ៉ា អ្នក​ទទួល​បន្ទុក​រៀបចំ​កម្មវិធី​បោះ​តង់​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​​បាន​រៀបចំ​កម្មវិធី​បោះតង់​​ចំនួន​​៤ថ្ងៃ​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភក្តិ។ ក្នុង​នោះ​ការ​រៀប​ចំ​តង់ និង​ស្តង់​ចំណី​អាហារ​ដែល​មាន​ប្រព័ន្ធ​ទឹក​ស្អាត ភ្លើង​​គ្រប់​គ្រាន់​​ដើម្បី​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចូល​រួម​​កម្សាន្ត។ ពេល​ល្ងាច និង​ពេល​យប់​ ពួក​គាត់​អាច​ជួប​ជុំ​កម្សាន្តសប្បាយ​រីក​រាយ​​នៅ​មាត់​សមុទ្រ​ ហើយ​​​នៅ​ពេល​ព្រឹក​​​ទៅ​ទស្សនា​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត។ ទី​តាំង​ដែល​បោះ​តង់​គឺ​នៅ​ឆ្នេរ​​ថ្ម​៣​ដុំ ​ជា​តំបន់​ដើម​ឈើ​ចាំ​ស្នេហ៍​ដែល​​អាច​បោះ​តង់​ប្រមាណ​៣០០​ទៅ​៤០០​តង់។

លោក​បាន​បញ្ជាក់​ថា ៖«ការ​ចូល​រួម​បោះ​តង់​នេះ​គឺ​គ្មាន​ការ​បង់​ប្រាក់​អ្វី​ឡើយ។ យើង​ខ្ញុំ​គ្រាន់​តែ​ឲ្យ​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​ដើម្បី​ក្រុម​ការងារ​យើង​ខ្ញុំ​រៀបចំ​ជូន។ រហូត​ដល់​ពេល​នេះ​មាន​បង​ប្អូន​ចុះឈ្មោះ​ចូល​រួម​បាន​ច្រើន​ហើយ។ អ្វី​ដែល​យើង​ខ្ញុំ​សំណូម​ពរ​បំផុត​គឺ​​ចូល​រួម​ថែរក្សា​​បរិស្ថាន និង​អនាម័យ​​ទាំង​អស់​គ្នា»។

តាម​ការ​ឲ្យ​ដឹង​ពីលោក ទៀ ស្យាម ថា កីឡាករ​ប្រមាណ​៦០​នាក់ ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា៤០​នាក់ និង​កីឡាករ​​បរទេស​២០​នាក់​មក​ពី​ប្រទេស​ថៃ ឡាវ វៀតណាម និង​ចិន ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅទី​លាន​ស្តង់ដា​អន្តរជាតិ ក្នុង​ទី​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ៕

អត្ថបទ៖ វីរបុត្រ

The post កម្ពុជារៀបចំ​ការ​ប្រណាំងឡាន​ Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រ​លើកដំបូង appeared first on Kampuchea Thmey Daily.